ភ្នំពេញ ៖ ខេត្តព្រៃវែង នៅតែរក្សាបាននូវខ្សែក្រវ៉ាត់ ជាខេត្តដែលជាប់លេខ១ ខាងផលិតស្រូវ បានច្រើនជាងគេ នៅទូទាំងប្រទេស ។លទ្ធផលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិការងារបន្ត របស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញថា ផ្ទៃដីសម្រាប់ធ្វើកសិកម្ម ក្នុងខេត្តព្រៃវែង សរុបមានចំនួន៣៣៧.០០០ហិកតា។ ក្នុងនោះផ្ទៃដីសម្រាប់ធ្វើស្រូវវស្សា មានចំនួន២៧០.៥៤៤ហិកតា ស្មើនឹង ១០៨,២២% នៃផែនការ ២៥០.០០០ហិកតា ទទួលបានទិន្នផលជាមធ្យម សរុបចំនួន ៣,២៥តោន ក្នុងមួយហិកតា ។ រីឯផ្ទៃដីសម្រាប់ធ្វើស្រូវប្រាំង មានចំនួន៨៦.៦២៦ហិកតា ស្មើនឹង១១៥,៥០% នៃផែនការ ៧៥.០០០ហិកតា ទទួលបានទិន្នផល គិតជាមធ្យម ៨,៨០តោន ក្នុងមួយហិកតា ។សម្រាប់ការប្រមូលទិន្នផលស្រូវ គឺនៅតែមានការកើនឡើងលើសផែនការ ដែលបានគ្រោងទុក ដោយសារមានការប្រើប្រាស់ពូជថ្មីល្អ ទើបមានការប្រមូលទិន្នផល បានច្រើនលើសលុបបែបនេះ។ ខេត្តព្រៃវែងអាច ឈរជើង ហើយអាចរក្សា ខ្សែរក្រវ៉ាត់បានថា នៅតែជាខេត្តលេខ១ដែល ផលិតស្រូវបានច្រើនជាងគេ នៅក្នុង២៥ខេត្តក្រុង”។ជាមួយគ្នានោះ  សម្រាប់តុល្យភាពស្បៀងប្រចាំឆ្នាំ ក្រោយពីកាត់ចេញ សម្រាប់ទុកបរិភោគ ទុកពូជចិញ្ចឹមសត្វ នៅសល់លើសពី តម្រូវការជាអង្ករ មានចំនួន ៥៦០.៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦.១៦៧តោន សម្រាប់លក់ ទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដែលមានតម្លៃ ជាមធ្យម ក្នុង១គីឡូក្រាម ៩២០រៀលផងដែរ ។គួររំលឹកថា ខេត្តព្រៃវែង ជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្ម ប្រជាពលរដ្ឋ ប្រមាណ៧៨,៦% ជាគ្រួសារកសិករ និងជាខេត្ត ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេស លើវិស័យកសិកម្ម(ឆ្នាំ២០១៩ និងឆ្នាំ២០២០) ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ